នោះ​! សូមកុំ​ច្រឡំ​ថា​កម្មវិធី​ទាំងអស់​នៅក្នុង App Store គឺ​មាន​សុវត្ថិភាព


បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន The Washington Post កាលពី​ម្សិលមិញ​នេះ​បាន​បង្ហាញ​ពី​ហានិភ័យ​ក្នុង​ការ​ទាញ​យក​កម្មវិធី​ពី​ក្នុង App Store ដែល​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ខាតបង់​រូបិយប័ណ្ណ​អេឡិចត្រូនិក ឬហៅ​ថា កាក់​ឌីជីថល​ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ ៦០ម៉ឺន​ដុល្លារ។

កាលពី​ខែកុម្ភៈ​កន្លងទៅ​លោក Phillipe Christodoulou មានបំណង​ចង់​ឆែកមើល​ចំនួន​ទឹកប្រាក់ ដែល​លោក​មាន​ជាមួយនឹង​ក្រុមហ៊ុន Trezor ដូច្នេះ​លោក​ក៏បាន​ចូល​ទៅ​ក្នុង App Store ដើម្បី​ស្វែងរក​កម្មវិធី​របស់​ក្រុមហ៊ុន Trezor។ ក្រោយពី​លោក Phillipe បាន​រក​ឃើញ​កម្មវិធី​មួយ​ដែល​មានឈ្មោះ Trezor ព្រមទាំង​មាន​ប្រើ​និ​ក្ខិ​ត្ត​សញ្ញា​ដូចគ្នា​ផង​នោះ លោក​ក៏បាន​ទាញ​យក​កម្មវិធី​មក​ប្រើ។

ប៉ុន្តែ​ក្រោយពី​ទឹកប្រាក់​នៅក្នុង​គណនី​ត្រូវ​បាន​ជនខិលខូច​លួច​យក​អស់នោះ លោក Phillipe ទើបបាន​ដឹង​ថា​កម្មវិធី​ដែល​លោក​បាន​ទាញ​យក​មក​ប្រើ គឺជា​កម្មវិធី​ក្លែងក្លាយ​ដែល​ក្រុម​ជនខិលខូច​បង្កើត​ដោយ​ប្រើ​ឈ្មោះ និង​រូបភាព​របស់​ក្រុមហ៊ុន​ពិតប្រាកដ។ ក្រុមហ៊ុន Apple បានឱ្យ​ដឹង​ថា កម្មវិធី​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចែកចាយ​នៅក្នុង App Store បាន​ដោយសារតែ​មុនដំបូង​ក្រុម​ជនខិលខូច​បាន​បន្លំ​ថា​កម្មវិធី​នេះ​គឺជា​កម្មវិធី​សម្រាប់​គ្រប់គ្រង​លេខសម្ងាត់ និង​ឯកសារ​នៅក្នុង​ទូរសព្ទ ប៉ុន្តែ​ក្រោយមក​ពួក​ជនខិលខូច​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​កែ​កម្មវិធី​ឱ្យទៅ​ជា​កម្មវិធី​សម្រាប់​គ្រប់គ្រង​កាក់​ឌីជីថល​ទៅវិញ ហើយដែល​ក្រុមហ៊ុន Apple មិនបាន​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ។

ដោយសារតែ​ឃើញ​ពី​ហានិភ័យ​ទាក់ទង​នឹង​ការ​ទាញ​យក​កម្មវិធី​មក​ប្រើ​នេះ​ហើយ បាន​ជានា​យក​ដ្ឋាន​តែងតែ​ធ្វើការ​ណែនាំ​ដល់​អ្នកប្រើ​ប្រាស់​ទាំងអស់ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទាញ​យក​កម្មវិធី​ណាមួយ សូមកុំ​ទាញ​យក​កម្មវិធី​ណា​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ហើយ​ម្យ៉ាងវិញទៀត​លោកអ្នក​ក៏អាច​បញ្ជាក់​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ថា​តើ​ពួក​គេ​មាន​ប្រើ​កម្មវិធី​សម្រាប់​ទូរសព្ទ​ឬអត់ ដើម្បី​ចៀសវាង​ក្នុង​ការ​ទាញ​យក​កម្មវិធី​ក្លែងក្លាយ​មក​ប្រើ​៕

Cake Php

Read Previous

កម្មវិធី​មេរោគ​ថ្មី​របស់​ទូរសព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បន្លំ​ធ្វើជា​កម្មវិធី ‘System Update​’

Read Next

ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android បាន​ទាញ​យក​ទិន្នន័យ​ច្រើនជាង​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ដល់ទៅ ២០ដង​ឯណោះ​